ដើម្បីរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកក្នុងពេលខាងមុខ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តត្បូងឃ្មុំ រួមមានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត សាខាកាកបាទក្រហមកម្ពុជា មន្ទីរអធិការកិច្ច និងស្នងការនគរបាលខេត្ត បានធ្វើការផ្សព្វផ្សាយស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចែកមួកសុវត្ថិភាព សៀវភៅច្បាប់ចរាចរណ៍ និងខិតប័ណ្ណរាប់រយសន្លឹក ជូនពលរដ្ឋជាអ្នកដំណើរ ស្ថិតនៅបរិវេណក្បែរវង្វង់មូលស្តេចកន ផ្លូវចូលបុរីរដ្ឋបាល ទីរួមខេត្តត្បូងឃ្មុំ។
ក្នុងផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នក្នុងការបើកបរ ក្នុងឱកាសថ្ងៃឈប់សម្រាកប្រារព្ធពិធីបុណ្យព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកខាងមុខ ឱ្យជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។
ក្នុងកម្មវិធីផ្សព្វផ្សាយនោះក៏មានការចោទសួរ ដល់ប្រជាពលរដ្ឋនិងផ្តល់រង្វាន់មួកសុវត្ថិភាព ក្រោយពីមតិសំណេះសំណាលផ្តាំផ្ញើប្រកបដោយអត្ថន័យនិងខ្លឹមសារល្អសម្រាប់អ្នកប្រើប្រាស់ផ្លូវយកទៅអនុវត្តដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ក្នុងឱកាសនោះ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត បានថ្លែងសារជូនបងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ជាពិសេសប្រជាពលរដ្ឋនៅក្នុងខេត្តត្បូងឃ្មុំ ពេលធ្វើដំណើរដោយរថយន្ត ត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ដោយម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពជាប្រចាំ ដើម្បីការពារគ្រោះចរាចរណ៍ជាយថាហេតុ ព្រោះថាមួកសុវត្ថិភាពមួយអាចជួយការពារជីវិតបានម្នាក់។
បន្ថែមពីនេះ ឯកឧត្តម បានក្រើនរំលឹក និងសំណូមពរ ដោយទទូចសូមឲ្យបងប្អូនពលរដ្ឋធ្វើដំណើរតាមដងផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន និងយល់អធ្យាស្រ័យខ្ពស់ ដើម្បីសុខសុវត្ថិភាព ការពារអាយុជីវិតខ្លួន និងអ្នកដ៏ទៃ ស្របតាមទិសស្លោក «ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»។
រូបភាព និងអត្ថបទ ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ